តូច​មិន​ញ៉ម​ធំ ! ជប៉ុន​ក្រាញននៀល​ទាមទារ​កោះ​ចំនួន​២​នៃ​ប្រជុំ​កោះ Kuril ពី​មហាអំណាច​រុស្ស៊ី

សារព័ត៌មាន Kyodo របស់​ជប៉ុន​ដែល​ដក​ស្រង់​ការផ្សាយ​ដោយសារ​ព័ត៌មាន Sputnik របស់​រុស្ស៊ី​នា​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០១៩​នេះ​ឲ្យ​ដឹងថា នាយករដ្ឋមន្ត្រី​ជប៉ុន​កំពុង​ពិចារណា​ចុះសន្ធិសញ្ញា​សន្តិភាព​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ប្រសិនបើ​ទីក្រុង Moscow យល់ព្រម​ប្រគល់​កោះ​ចំនួន​២​នៃ​ប្រជុំ​កោះ Kuril Islands ឲ្យ​មក​ខ្លួន​វិញ ខណៈ​កន្លងទៅ​ថ្មីៗ​រុស្ស៊ី​ធ្លាប់​បង្ហើប​ប្រាប់​ទីក្រុង Tokyo ថា រុស្ស៊ី​ចង់បាន​ប្រជុំ​កោះ Kuril Islands ទាំងមូល ។​
​សេចក្តីរាយការណ៍​ដោយសារ​ព័ត៌មាន Kyodo បាន​ឲ្យ​ដឹងថា លោក Shinzo Abe នាយករដ្ឋមន្ត្រី​ជប៉ុន​កំពុង​សម្លឹងមើល​ជម្រើស​នៃ​ការផ្ទេរ​កោះ​ចំនួន​២​នៃ​ប្រជុំ​កោះ Kuril Islands ពី​រុស្ស៊ី​យកមក​ឲ្យ​ជប៉ុន​វិញ ដែល​ជប៉ុន​ឲ្យ​ឈ្មោះថា Habomai និង Shikotan ដើម្បី​បញ្ចប់​វិវាទ​រាប់​ទសវត្សរ៍​រវាង​ប្រទេស​ទាំងពីរ ។​
​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe នឹងត្រូវ​ជួបពិភាក្សា​គ្នា​ជាមួយ​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin នៅ​ទីក្រុង Moscow នា​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ជាពិសេស​ជម្លោះ​ប្រជុំ​កោះ Kuril Islands ដែលជា​រឿង​រសើប​បំផុត ។​
​ប្រជុំ​កោះ Kuril Islands មាន​កោះ​ទាំង​តូច ទាំង​ធំ​សរុប​ចំនួន​៥៦​កោះ និង​ផ្ទៃក្រឡា​ទំហំ​ប្រមាណ​១០ ៥០៣​គីឡូម៉ែត្រ​ក្រឡា ។ កោះ​ចំនួន​៤​នៃ​ប្រជុំ​កោះ Kuril Islands គឺ​កោះ Habomai កោះ Shikotan កោះ Iturup និង​កោះ Kunashir បាន​ធ្លាក់​ក្នុងស្ថានភាព​ជម្លោះ​រវាង​មហាអំណាច​រុស្ស៊ី និង​ជប៉ុន ដោយ​កោះ​ទាំង​បួន​នេះ​កំពុង​ឋិត​នៅក្រោម​ការគ្រប់គ្រង​មិន​ផ្លូវការ​របស់​មហាអំណាច​រុស្ស៊ី ៕​






Comments