មន្ត្រីនគរបាល ដែលគៀបស៊ីយុវជនម្នាក់នៅពេលយប់ ត្រូវតុលាការផ្តន្ទាទោសអោយជាប់ពន្ធនាគារ១ឆ្នាំ និងសំណងដល់ជនរងគ្រោះ១ម៉ឺនដុល្លារ


នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញលោក លាង សំណាត់ បានបើកសវនាការ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ឈ្មោះ សុន ពិសាល ជាមន្ត្រីនគរបាល មានតួនាទីនាយរងផ្នែកបន្ទប់ពិសោធន៍ នៃនាយកដ្ឋាននគរបាលបច្ចេសទេស និងវិទ្យាសាស្រ្ត ដាក់ពន្ធនាគារ២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ ពីបទ “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” និងត្រូវសងសំណងដល់ជនរងគ្រោះឈ្មោះ អ៊ឺម បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ចំនួន១ម៉ឺនដុល្លារ​។ សាលក្រមតុលាការ ក៏បានទុកសិទ្ធិឲ្យជនត្រូវចោទប្តឹងទាស់តាមកំណត់ច្បាប់ផងដែរ។
គួររំលឹកថាមន្ត្រីនគរបាលរូបនេះ និងបក្ខពួកមួយក្រុម មានខ្លះស្លៀកពាក់ជាឯកសណ្ឋានមន្រ្តីនគរបាលជាតិ និងខ្លះស៊ីវិល បានចាប់យុវជនរងគ្រោះឈ្មោះ អ៊ឺម បញ្ញា អាយុ២៤ឆ្នាំ ដាក់ខ្នោះ និងវាយដំ រួចចាប់អូសឡើងលើម៉ូតូកង់បី ដឹកយកទៅទម្លាក់ចោលនៅក្នុងក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវលេខ៣៦០ កែងផ្លូវ១០៥ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងអំពើហិង្សានេះ ជនរងគ្រោះមានស្នាមរងរបួសធ្ងន់ត្រង់ចិញ្ចើមខាងស្តាំ និងដៃមានជាប់ខ្នោះពេលនាំទៅដល់មន្ទីរពេទ្យ៕






Comments